ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ អ៊ា សុខា ឃុបឃិត​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ព្រះ​រកា យ៉ាងធ្ងន់ធ្ង

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ អ៊ា សុខា ឃុបឃិត​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ព្រះ​រកា យ៉ាងធ្ងន់ធ្ង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ព្រះវិហារ៖ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹ​ថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​បំពាន​ចូល​កាប់​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ហើយ​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​រលូន​តែម្តង​។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​និង​ឈ្មួញ​ធំៗ​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​អនាធិបតេយ្យ​ព្រោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា នៃ​ស្រុក​ត្បែងមានជ័យ គឺជា​អ្នក​ភស្ដុតាង​បង្ហាញថា បទបញ្ជា​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ គឺជា​រឿង​ឥតន័យ​ព្រោះ​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​មន្ត្រីក្រោមឱវាទ​នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​ធំៗ​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​ដដែល​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​កត់សម្គាល់ថា នៅពេល​ប្រជាពលរដ្ឋ​ដឹកអុស​កាប់​ឈើ​បន្តិចបន្តួច​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា ត្រូវបាន​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​យ៉ាង​កំរោល ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​និង​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប រថយន្ត​ប្រភេទ​វ៉េ​អង​ចេញពី​ព្រៃ​ព្រះ​រកា មិន​ដែលមាន​មន្ត្រី​បរិស្ថាន​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។

ចំណែក​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃ​ព្រះ​រកា ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ក្បែរៗ​នោះ​តែង​បំពាន​ចូល​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​រលូន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​រិះគន់ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា នាពេល​កន្លងមក​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​គេ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ដឹកអុស ដឹកឈើ​បន្តិចបន្តួច ហើយ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​បង្កុង រថយន្ត​វ៉េ​អង និង​រថយន្ត​យី​ឌុប មិនដែល​ឃើញ​សមត្ថកិច្ច​ចម្រុះ​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ក្នុងនោះ​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ត្រូវបាន​គេ​ដឹងថា​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​ព្រោះ​លោក អ៊ា សុខា បណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕