ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ឈ្មួញអាជីវកម្ម​រណ្ដៅ​ដី​ក្នុង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​

ឈ្មួញអាជីវកម្ម​រណ្ដៅ​ដី​ក្នុង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

កណ្ដាល៖ប្រជាពលរដ្ឋ​នៅ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និងលោកអភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗ​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់។ ព្រោះ​ឈ្មួញ​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ឡើងៗ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ខ្សាច់កណ្ដាល ក៏ដូចជា​អភិបាលស្រុក​ខ្សាច់កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ទេនោះ​គឺ​ឈ្មួញ​មិនអាច​ជីករណ្ដៅ​ដី​ជ្រៅៗ​ហើយ​ដឹកជញ្ជូន​អាចម៍ដី​មិន​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ដូច​សព្វថ្ងៃនេះ​ទេ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ បាន​ឲ្យ​ដឹងថា ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ជីករណ្ដៅ​ដី​ក្នុង​មូលដ្ឋាន​ពួកគាត់ ហើយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​អ្នកភូមិ​ដែលមាន​លំនៅដ្ឋាន​ក្បែរៗ​រណ្ដៅ​ដី​។ សេចក្ដីរាយការណ៍​ពី​អ្នកភូមិ​បាន​ឲ្យ​ដឹង​ទៀតថា រណ្ដៅ​ដី​ជាច្រើន​កន្លែង​ត្រូវបាន​គេ​ជីក​នៅក្បែរៗ​លំនៅដ្ឋាន​របស់​អ្នកភូមិ ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ បើទោះបី​មាន​សេចក្ដីរាយការណ៍​សុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ក៏ដោយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ធុន​ធំ​បាន​ដឹក​អាចម៍ដី​ដោយ​គ្មាន​គ្រប​តង់ ហើយ​គ្មាន​ស្រោច​ទឹក​លើផ្លូវ​ដែល​គេ​ដឹកជញ្ជូន​អាចម៍ដី​ឆ្លងកាត់​នោះទេ ធ្វើ​ឲ្យ​អាចម៍ដី​ធ្លាក់​ពី​រថយន្ត​ក្លាយជា​ធូលី​ហុយ​សំពោង​នៅពេល​មាន​អាកាសធាតុ​រាំងស្ងួត​។​

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​អាជីវករ​រណ្ដៅ​ដី​ក្នុងភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល បាន​រិះគន់ថា​មេឃុំ​ស៊ីធរ ក៏ដូចជា​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល មិន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ចំណែក​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ខ្សាច់កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី​ធំៗ​ជ្រៅៗ​ជាច្រើន​កន្លែង​ក្នុងភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាល់តែសោះ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស៊ីធរ អំពាវនាវ​យ៉ាងទទូច​ដល់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ព្រមទាំង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ឲ្យ​ជួយ​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រណ្ដៅ​ដី​របស់​ក្រុម​ឈ្មួញ​ក្នុងភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ ជាបន្ទាន់​ព្រោះ​ពួកគេ​គិ​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន បង្ក​ផល់ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​៕