ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ទឹកប៊ិចថ្លៃស៊ីញ៉េប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បឹង គឹម​សឹង លើឯកសារ​ដក​ប្រាក់​ ឬ​ ទូទាត់​ មានតម្លៃខ្លាំងណាស់ ?

ទឹកប៊ិចថ្លៃស៊ីញ៉េប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បឹង គឹម​សឹង លើឯកសារ​ដក​ប្រាក់​ ឬ​ ទូទាត់​ មានតម្លៃខ្លាំងណាស់ ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

បន្ទាយមានជ័យ៖ប្រភពពី​មន្ត្រី​តាមមន្ទីរ​មួយចំនួននៅខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគេ​រត់ការ​ឯកសារ​ដក​ប្រាក់​ឬ​ទូទាត់​សាច់ប្រាក់​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ គឺ​ត្រូវតែ​ផ្ដល់​លុយ​ទឹកតែ​មួយផ្នែក​ឲ្យ​លោក បឹង គឹម​សឹង គឺ​មិនតិចជាង​៥​ភាគរយ​នៃ​ប្រាក់​ដែល​ស្នើសុំ​ដក​ ឬ​ត្រូវ​ទូទាត់​នោះឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​ឯកសារ​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​លោក បឹង គឹម​សឹង គឺ​អ្នក​កាន់​ឯកសារ​ត្រូវ​ចេះ​ចែក​លុយ​ឲ្យ​មន្ត្រីក្រោមឱវាទ​លោក បឹង គឹម​សឹង តាម​លំដាប់លំដោយ​ពី​តូច​ទៅ​ធំ​អស់​ទឹកប្រាក់​មួយចំនួន ហើយ​ចុងក្រោយ​ត្រូវ​កាត់​ភាគរយ​ឲ្យ​លោក បឹង គឹម​សឹង តាម​ការកំណត់​។ ការដែល​លោក បឹង គឹម​សេង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារគាត់បាន​អាងខ្នង់បង្អែកដែលជារដ្ឋលេខាធិការដ៏មានអំណាចម្នាក់​​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អ្នកចាំជួយការពារ។

ប្រភពពី​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពួកគេ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​នៅពេល​ត្រូវ​បើក​លុយ​គម្រោង​ផ្សេងៗ​ ហើយត្រូវស៊ីញ៉េឆ្លង់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ព្រោះ​លោក បឹង គឹម​សឹង មានអំណាច​ធំធេង​ក្នុងការទាមទា​​ភាគរយ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​លោក បឹង គឹម​សឹង ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រព្រឹត្ត​អំពើពុករលួយ​ទាប្រាក់ទឹកតែថ្លៃស៊ីញ៉េដោយគិតជា​ភាគរយ​ពី​ការបើកប្រាក់​ឬ​ការទូទាត់​ប្រាក់​សម្រាប់​មន្ទីរ​នានា​យ៉ាង​ងងើល​ដោយសារ​អាង​ខ្លួន​គាត់​មិនមែនជា​អ្នករស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ទៅលើ​លោក បឹង គឹម​សឹង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​បន្តទៀត​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​មន្ទីរ​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ កាន់តែខ្លាំង​ឡើងៗ​៕