ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ចែភក្តិ និងប្ដីឈ្មោះណាក់ ឈរជើងទិញឈើផ្តាច់មុខ នៅស្រុកភ្នំក្រវាញ

ចែភក្តិ និងប្ដីឈ្មោះណាក់ ឈរជើងទិញឈើផ្តាច់មុខ នៅស្រុកភ្នំក្រវាញ


ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖នៅឯស្រុកភ្នំក្រវាញ ឈ្មួញឈើពីរនាក់ប្តីប្រពន្ធឈរជើង​យ៉ាងរឹងមាំ​ចាំទិញឈើ​ប្រណីត​ដោយគ្មាន​នរណា​អាច​រកស៊ីបានឡើយ ។ ជនដែលរកស៊ីដឹកឈើ ឬមិនព្រមលក់ឈើឲ្យគូស្វាមីភរិយា ចែភក្តិ និងលោក ណាក់ មុខជាត្រូវសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ដាក់គុក​មិនខានឡើយ ។ ជាក់ស្តែងថ្មីៗនេះ មានករណីចាប់អ្នករកស៊ីឈើ​ម្នាក់ ញាត់គុកបាត់ទៅហើយ ។

បើទោះបីជាសម្តេចក្រឡាហោម​ ស ខេង ប្រតិកម្មករណីកាប់ឈើ និងការដឹកជញ្ជូនរកស៊ីឈើ​ប្រណីត​នៅខេត្តពោធិ៍សាត់​បន្តកើត​មាន​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរ​ខេត្តនេះនៅតែធ្វើមិនដឹងមិនឮ ពោលគឺមិនព្រមបង្ក្រាប​ឈ្មួញរកស៊ីឈើនោះឡើយ ។

ប្រភពបានឲ្យដឹងថា លោក ណាក់ និងភរិយា ឈ្មោះ សុភក្តិ បានឈរជើង​ទិញឈើប្រណីតផ្តាច់មុខនៅចំណុច​ផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។ នៅទីនេះ គឺមានតែ​ពីរនាក់ប្តីប្រពន្ធនេះទេ ដែលហ៊ានទិញឈើដោយចំហរ ព្រោះមានការ​គាំទ្រ​ពេញទំហឹងពីអាជ្ញាធរ ។ ប្រភពបន្ថែមថា ក្នុងឈើធ្នង់មួយគីឡូក្រាមតម្លៃចាប់ពី១៥០០ទៅ២៤០០រៀល ទៅតាមប្រភេទឈើ និងទំហំមុខកាត់ ។ រីឯឈើនាងនួន ចាប់ពី៣ពាន់ទៅ៤ពាន់រៀលក្នុងមួយគីឡូក្រាម ។ ក្រៅពីនោះ សូម្បីកម្ទេចឈើ​គ្រញូង ក៏ឈ្មួញពីរនាក់​ប្តីប្រពន្ធនេះ ឈរចាំទិញផ្តាច់មុខដែរ ។ ជនណា​ដែលមិនព្រមលក់ឈើ​ឲ្យឈ្មួញទាំងពីរនាក់ប្តីប្រពន្ធនេះទេនោះ មុខជាត្រូវចែភក្តិ រាយការណ៍ឲ្យសមត្ថកិច្ចចុះចាប់ជាមិនខាន ។

ឈើដែលប្រមូលទិញបានត្រូវបានដឹកជញ្ជូនតាមរថយន្តហុកឡ យកទៅស្តុកទុកមួយកន្លែងនៅទីរួមស្រុកភ្នំក្រវាញ និង​បន្តដឹកតាមរថយន្ត​សាំយ៉ុង សម្តៅមករាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋ​ ជាពិសេស​អ្នករកស៊ីដឹកឈើ​តាមម៉ូតូអះអាងថា ចែភក្តិ និងប្តី​មានឥទ្ធិពលខ្លាំងណាស់​ជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើ ។ បើគាត់រាយការណ៍ឲ្យចាប់នរណា គឺជននោះមុខជាមិនរួចខ្លួនឡើយ ។ ជាក់ស្តែងថ្មីៗនេះ បទល្មើសនៃការដឹកជញ្ជូនឈើ​កំពុងធ្វើដំណើរតាមផ្លូវដូចគ្នា ប៉ុន្តែសមត្ថកិច្ចចុះចាប់តែ​មួយ​ករណី ហើយមួយករណីទៀត​ព្រលែង​តាមចិត្ត ។ អំណាច​របស់ចែភក្តិ ត្រូវគេនិយាយតាមតុកាហ្វេថា ជាន់ផ្អៀងខេត្តពោធិ៍សាត់ ៕