ព័ត៌មានថ្មីៗ
Home / ទំព័រដើម / គិតយ៉ាងណាបើក្រុមហ៊ុនបុរីប៉េងហួត៖ រំលោភយកដីបឹងវាលសំណាប ដែលគេចាត់ទុកជាបឹងទន្លេសាបទី២ធ្វើកម្មសិទ្ធិ និងកំពង់ចាក់ដីត្រៀមសង់បុរី សម្រាប់លក់

គិតយ៉ាងណាបើក្រុមហ៊ុនបុរីប៉េងហួត៖ រំលោភយកដីបឹងវាលសំណាប ដែលគេចាត់ទុកជាបឹងទន្លេសាបទី២ធ្វើកម្មសិទ្ធិ និងកំពង់ចាក់ដីត្រៀមសង់បុរី សម្រាប់លក់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ភ្នំពេញ ៖ ក្រុមហ៊ុនបុរីប៉េងហួតបានរំលោភយកដីបឹងវាលសំណាប ដែលមានទំហំ៤៨១៥ហិកតា ស្ថិតក្នុង ស្រុកល្វាឯម និង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាជម្រកត្រីពងកូន សម្បត្តិធម្មជាតិជីវចម្រុះ និងជាបឹងទន្លេសាបទី២ ធ្វើជាកម្មសិទ្ធិ និងក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយរំលោភយក ជាបន្តបន្ទាប់ បណ្ដាលឲ្យដីរដ្ឋទាំងនោះក្លាយជាដីកម្មសិទ្ធិឯកជន ស្ទើរគ្មានសល់ក្រោម ហេតុផលអភិវឌ្ឍន៍ ។

រាល់ការទិញលក់ទាំងនោះ ខ្លះមានចុះហត្ថលេខា ទទួលស្គាល់បញ្ជាក់ពី អាជ្ញាធរខ្លះទៀត ទិញលក់រវាងពលរដ្ឋ និងឈ្មួញហុចលុយផ្ទាល់ដៃ
ខ្លះទៀតលក់បន្តគ្នាពីមួយទៅមួយជាន់គ្នាបីបួនត្រួតក៏មាន។ ជាក់ស្ដែងពេលនេះក្រុមឈ្មួញ បានដាក់គ្រឿងចក្រជាច្រើនគ្រឿង និងកំពុងឈូសឆាយ កាយលុបចាក់ដីបឹង(កោះខ្ចៅ)ជាប់បឹងវាលសំណាបស្ថិតនៅភូមិចំនួន២ គឺ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអ៊ុង និង ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

ពលរដ្ឋរស់នៅ ភូមិពាមតាឯក និង ភូមិតាស្គរ បានលើកឡើងថា ដីបឹងកោះខ្ចៅនេះមានទំហំប្រមាណជាង៧គីឡូម៉ែត្របួនជ្រុង។ ជាប្រភេទដីបឹង(របស់រដ្ឋ) ដែលរដ្ឋអំណាចសម័យមុន ចែកឲ្យពួកគាត់ តាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះ ក្នុងនោះដែររដ្ឋបានបែងចែកជាច្រើនក្រុមសម្រាប់អាស្រ័យផលប្រចាំឆ្នាំ។
ប៉ុន្តែមិនមានសិទ្ធិលក់ដូរនោះទេ ហើយតាំងពីនោះមកកសិករបានដាំឈូកធ្វើស្រែចម្ការតកូនតចៅ។

ពលរដ្ឋបន្តថា ដំបូងឡើយកាល ឆ្នាំ២០០៦ និង ២០០៧ ដីកោះខ្ចៅនេះត្រូវបានក្រុមឈ្មួញដើរប្រមូលទិញទាំងប្រថុយប្រថានក្នុងតម្លៃទាបចាប់ពី១៥០ដុល្លារ ទៅ៣៥០ដុល្លារប៉ុណ្ណោះក្នុងមួយហិកតា។ ដោយពួកឈ្មួញគិតថា បើមានរឿងនឹងប្រគល់ជូនរដ្ឋវិញប្រសិនបើមិនមានរឿងទេ គឺយករហូតតែម្ដង។

ការកាលទិញលក់នោះពលរដ្ឋទទួលបានចាប់ពី៥០ដុល្លារ ដល់១៥០ដុល្លារក្នុងមួយគ្រួសារ ។ លុះដីបានថ្លៃខ្ពស់ឈ្មួញបានលក់ បន្តឲ្យក្រុមហ៊ុន ខណៈ បច្ចុប្បន្នតម្លៃដីបឹង ទាំងនោះ ឡើងថ្លៃដល់៣៥,០០០ដុល្លារ ក្នុងមួយហិកតា ។ លុះដល់ពេលឥឡូវដីបឹងខ្ចៅនេះត្រូវក្រុមហ៊ុនមួយសុំមិនទាន់បញ្ចេញឈ្មោះ ដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយលើកទំនប់កម្ពស់៧ម៉ែត្រ ទទឹង៣០ម៉ែត្រ ចម្ងាយរាប់គីឡូម៉ែត្រគិតជាផ្ទៃក្រឡារាប់សិបហិកតាឯណោះក្នុង គោលបំណងបូមខ្សាច់ដាក់ដើម្បីសាងសង់ផ្ទះល្វែងលក់។

ប្រភពបន្តថា វាជាហេតុនាំឲ្យពលរដ្ឋ អ្នកនេសាទ កំពុងខ្វាយខ្វល់អំពីការបាត់បង់ទីតាំងនេសាទសំបូរ ទៅដោយជីវចម្រុះ ដ៏សំខាន់សម្រាប់ពួកគាត់ធ្វើការ
នេសាទត្រីជាលក្ខណៈគ្រួសារប្រចាំថ្ងៃ។

ពាក់ព័ន្ធករណីនេះមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីជលផល បានបង្ហាញពីកង្វល់យ៉ាងខ្លាំងក្លាថា បឹងវាលសំណាបនេះ ជាបឹងទឹកសាបទី២ បន្ទាប់ពីបឹងទន្លេសាបសម្រាប់ស្ដុកទឹក និងជាជម្រកមច្ឆាជាតិគ្រប់ប្រភេទ។ ប្រសិនបើបាត់បង់បឹងធម្មជាតិនេះទៀត រាជធានីភ្នំពេញ មួយភាគធំនឹងទទួល រងការជន់លិចនៅរដូវវស្សាដោយសារគ្មានកន្លែងស្ដុកឬដោះទឹកភ្លៀង។ ចំណែកធនធានមច្ឆាជាតិនឹងបន្តផុតពូជជាបន្តបន្ទាប់ដោយសារគ្មានជម្រក
ពងកូននិងផ្ទះប្រជាពលរដ្ឋតាមដងទន្លេប្រឈមនឹងការជន់លិច។

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ធ្លាប់បានថ្លែងប្រាប់អ្នកកាសែតថា ការទិញលក់ដីនោះពុំស្របច្បាប់នោះទេ ពោលគឺក្រុមឈ្មួញ និងប្រជាពលរដ្ឋធ្វើការទិញលក់ដោយខ្លួនឯងតែប៉ុណ្ណោះ ហើយការទិញលក់នោះជាទង្វើខុសច្បាប់។

មជ្ឈដ្ឋាននានាបានលើកឡើងថា ប៉ុន្តែឈរលើស្ថានភាព ជាក់ស្ដែង រដ្ឋបាលខេត្ត មិនបានចាត់វិធាការទប់ស្កាត់ សកម្មភាពទិញលក់ដីនោះទេ បែរជាបណ្ដោយឲ្យឈ្មួញទុច្ចរិត បន្តសកម្មភាពយ៉ាង អនាធិបតេយ្យបែបនេះទៅវិញ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញអនុក្រឹត្យមួយកំណត់ផ្ទៃបឹងវាលសំណាប ទំហំ៤៨១៥ហិកតាស្ថិតក្នុង ខេត្តកណ្ដាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យោងតាមច្បាប់ ស្ដីពីជលផល ឆ្នាំ២០០៦ ត្រង់មាត្រា២៥ បានចែងថា “ការធ្វើទំនប់កាត់ ឬលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ប្រឡាយ អាងទឹកនិងអាងធម្មជាតិ ឬការជីកប្រឡាយរណ្ដៅ និងស្រះទ្រង់ទ្រាយធំឬការសាងសង់សំណង់ថ្មីនានា ឬការបូមទឹក ដែលបង្កមហន្តរាយដល់ ធនធានជលផល នៅក្នុងដែននេសាទ ត្រូវមានការសិក្សាវាយតម្លៃពី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ៕