ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អាម៉េរិក៖នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​B-52 ហ្វឹក​ហាត់​វាយប្រហារ​ព្រម​គ្នា​នៅ​ជិត​អ៊ីរ៉ង់​

អាម៉េរិក៖នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​B-52 ហ្វឹក​ហាត់​វាយប្រហារ​ព្រម​គ្នា​នៅ​ជិត​អ៊ីរ៉ង់​

សមយុទ្ធ​យោធា​អាម៉េរិក​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ចេះតែ​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តេ​អេ​រ៉ង់ ដោយ​អាម៉េរិក​បាន​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្ត​​ហោះ​មួយ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​កាលពី​ខែ​មុន និង​បាន​អះអាងថា វា​ជា​ការឆ្លើយតប​នឹង​ព័ត៌មាន​ចារកម្ម​ដែលថា អ៊ីរ៉ង់​គំរាម​ផលប្រយោជន៍​អាម៉េរិក​នៅ​តំបន់​នោះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ពអាកាស​អាម៉េរិក​បាន​និយាយថា នាវាចម្បាំង​The USS Abraham Lincoln យន្តហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ ព្រមទាំង​យន្តហោះ​​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន B-52 បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​សមុទ្រ​អារ៉ាប់​។​


រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ​លោក​ម៉ៃ ផ​ម​ផេវ

សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​០១​មិថុនា ជា​«​ប្រតិបត្តិការ​វាយប្រហា​រ​ព្រម​គ្នា​»​និង​មាន​ការចូលរួម​ពី​យន្តហោះ​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​F/A-18 Super Hornets​ឧទ្ធម្ភាគចក្រ MH-60 Sea Hawk យន្តហោះ E-2D Growlers​និង B-52​ដែល​មាន​សមត្ថភាព​ផ្ទុក​គ្រាប់បែក​នុយក្លេអ៊ែរ​។​

​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ​លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយថា អាម៉េរិក​មានបំណង​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន ក្នុង​កិច្ចខិតខំ​មួយ​ដើម្បី​​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កំពុង​បង្ក​ឲ្យមាន​ការភ័យខ្លាច​អំពី​ការផ្ទុះ​សង្គ្រាម​។​តែ​លោក​បាន​បញ្ជាក់ថា អាម៉េរិក​មិន​បន្ធូរដៃ​ក្នុង​ការដាក់​សម្ពាធ​លើ​សាធារណរដ្ឋ​អ៊ីស្លាម​​នេះ​ដើម្បី​ឲ្យ​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា​នោះទេ​។​

​លោក​ផ​ម​ផេវ បាន​អះអាង​ឡើងវិញ​អំពី​ការចោទប្រកាន់​របស់​អាម៉េរិ​កថា អ៊ីរ៉ង់​ជា​អ្នក​ធ្វើ​ឲ្យ​បាត់​ស្ថិរភាព​ក្នុង​តំបន់ តែ​ក៏​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការជួប​ពិភាក្សាគ្នា​​ផងដែរ​។​តែ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់​សម​ភាគី​អាម៉េរិក​ថា​កំពុង​«​លេង​សម្តី​» និង​បាន​និយាយថា​ការផ្លាស់ប្តូរ​ណាមួយ​ត្រូវ​បង្ហាញឲ្យឃើញ​ជាក់ស្តែ​ង​ មិនមែន​​មាន​តែ​សម្តី «​ដើម្បី​កិច្ចពិភាក្សា​ណាមួយ​អាច​កើតមាន​»​។​

​មុន ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មានបំណងច​រចាជាមួយ​អាម៉េរិ​ក បើសិនជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ការគោរព​អ៊ីរ៉ង់​និង​ធ្វើ​តាម​ច្បាប់​​អន្តរជាតិ​៕​