ព័ត៌មានថ្មីៗ
Home / ទំព័រដើម / សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ស​.​ស​.​ស​.​ក) ថ្លែងការណ៍​រឿង​មន្ត្រី​គយ​ច្រក​ព្រែក​ចាក​ប្តឹង​អ្នកកាសែត​ទារ​សំណង​១០​ម៉ឺន​ដុល្លារ​

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ស​.​ស​.​ស​.​ក) ថ្លែងការណ៍​រឿង​មន្ត្រី​គយ​ច្រក​ព្រែក​ចាក​ប្តឹង​អ្នកកាសែត​ទារ​សំណង​១០​ម៉ឺន​ដុល្លារ​

ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី​០៤ ខែមិថុនា បានចេញ​សេចក្តីថ្លែងការណ៍​ពាក់​ព្ធ័​ករណី​អ្នកសារព័ត៌មាន Online ចំនួន​៨​រូប រួមទាំង​សហការី​ផ្សេងទៀត ត្រូវបាន​មន្ត្រី​គយ​ច្រក​ព្រែក​ចាក ខេត្តកំពត ដាក់ពាក្យ​ប្តឹងទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​ពី «​បទ​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​, បទ​ប៉ះពាល់​ដល់ សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​» ដោយ​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ករណី​ប្តឹងផ្តល់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ខេត្តកំពត រវាង​មន្ដ្រី​គយ និង​អ្នកសារព័ត៌មាន Online មួយក្រុម ដែល​បាន​ចុះ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការដឹក​ទំនិញ​ឆ្លងកាត់​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ខេត្តកំពត​។​
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានស្នើ​សុំ​ដល់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់ ពិចារណា​ប្រើប្រាស់ ច្បាប់​ស្តីពី​របប​សារ​ព័ត​មាន ដើម្បី​អនុវត្ត​លើ​បណ្តឹង​ដែល​ពាក់ព័ន្ធ​អ្នកសារព័ត៌មាន​។ ហើយក៏​ស្វាគមន៍​ផងដែរ ប្រសិនបើ​ភាគី​ទាំងសង្ខាង ឈានដល់ ការព្រមព្រៀង​ផ្សះផ្សា​និង​ទម្លាក់ចោល​ពាក្យបណ្តឹង​។​

ជាមួយគ្នានេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានធ្វើការ​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន មេត្តា​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​នៅក្នុងពេល​ចុះ​យក ព័ត៌មាន ដោយ​គប្បី​ជៀសវាង​នូវ​៖ ការគំរាមកំហែង ការបំពាន ការរារាំង​តួនាទី​សមត្ថកិច្ច​មន្ត្រីរាជការ សាធារណៈ ព្រមទាំង​មិន​រំលោភបំពាន​លើ​រូបរាងកាយ សិទ្ធិ តម្លៃ និង​អត្តសញ្ញាណ​បុគ្គល​ឯកជន​។ ហើយ​ស្នើសុំ​ដល់​ផ្នែក​ពាក់ព័ន្ធ រួមទាំង​មន្ត្រី​អង្គភាព​រដ្ឋ សូមមេត្តា​ជៀសវាង​ការប្រើ​ពាក្យសម្តី​ប្រមាថ ការប៉ះពាល់​រាងកាយ ការ​ឆក់យក សម្ភារៈ​ឧបករណ៍​យក​ព័ត៌មាន និង​បំផ្លាញចោល​សម្ភារៈ​នានា​ទាំងនោះ​របស់​អ្នកយកព័ត៌មាន ដោយ សូមមេត្តា​សហការ​ពេញលេញ​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន ដើម្បី​រួមគ្នា​លើកកម្ពស់ «​សិទ្ធិ​ទទួល បាន​ព័ត៌មាន​» និង​លើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​គុណប្រយោជន៍​ដល់​សាធារណៈជន​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បញ្ជាក់ថា ខ្លួន​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ទៅលើ​នីតិវិធី និង​ចំណាត់ការ​នានា​របស់​តុលាការ​ចំពោះ​រឿងក្តី​ខាងលើនេះ​៕