ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ​សិង្ហ​បុរី​ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អាស៊ី​

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ​សិង្ហ​បុរី​ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អាស៊ី​

លោក ងួន សុខ​វេ​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​សិង្ហ​បុរី ( រូបសោចចេញធ្មេញ)

ភ្នំពេញ៖​លោក​ងួន សុខ​វេ​ង ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ សាធារណរដ្ឋ​សិង្ហ​បុរី បាន​ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​ស្ថានីយ ទូរទស្សន៍​ព័ត៌មាន​អាស៊ី (Channel News Asia-CNA) ស្តីអំពី​កម្ពុជា ដែលមាន​ចំណងជើង​ថា ពិនិត្យ​ស៊ី​ជ​ម្រៅៈ ការទូត​មូលប្បទានប័ត្រ​របស់​ចិន (INSIGHT: China’s Chequebook Diplomacy) ដែល​បាន​ចុះផ្សាយ​តាម​គេហរ​ទំព័រ​របស់ CNA និង​បាន​ផ្សព្វផ្សាយ តាម ទូរទស្សន៍ CNA​។​

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សិង្ហ​បុរី​បាន​ថ្លែងថា សេចក្តីរាយការណ៍​ព័ត៌មាន​នេះ ដែល បានលើកឡើង​ដោយ​ខុស​ការពិត​អំពី​កម្ពុជា​ដោយ​ឈរលើ​ព័ត៌មាន​តែមួយ​ផ្នែក​និង​ការវិភាគ​មិនបាន​ស៊ីជម្រៅ​ជាពិសេស​ពាក់ព័ន្ធ​ដល់​ការអភិវឌ្ឍ​ទីក្រុង​ព្រះសីហនុ​ដែល​នាំ​ឲ្យ​មតិ សាធារណៈ​យល់​ខុស និង​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​។​

យោងតាម​លិខិត​ចុះ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ របស់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សិង្ហ​បុរី ផ្ញើ លោកស្រី ថាំ ឡុ​ក ខេង​ប្រធាន​ប្រតិបត្តិ​សាជីវកម្ម​ផ្សព្វផ្សាយ មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅៈ “​លោកស្រី ថាំ ឡុ​ក ខេង ខ្ញុំ​សរសេរ​មក​លោកស្រី​នេះ គឺ​ដោយយោង លើ​សេចក្តីរាយការណ៍​ព័ត៌មាន​នាពេល​ថ្មីៗ​នេះ របស់​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អាស៊ី (Channel News Asia-CNA) ស្តីអំពី​កម្ពុជា។ ដែលមាន​ចំណងជើង​ថា ពិនិត្យ​ស៊ី​ជ​ម្រៅៈ ការទូត​មូលប្បទានប័ត្រ​របស់​ចិន (INSIGHT: China’s Chequebook Diplomacy) ដែល​បាន ចុះផ្សាយ​តាម​គេហរ​ទំព័រ​របស់ CNA នៅ​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩ និង​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ CNA​។

ខ្ញុំ​មានការ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អត្ថន័យ នៃ​សេចក្តីរាយការណ៍​ព័ត៌មាន​នេះ ដែល​បានលើកឡើង​ដោយ​ខុស​ការពិត​អំពី​កម្ពុជា ដោយ ឈរលើ​ព័ត៌មាន​តែមួយ​ផ្នែក និង​ការវិភាគ​មិនបាន​ស៊ីជម្រៅ ជាពិសេស​ពាក់ព័ន្ធ​ដល់ ការអភិវឌ្ឍ​ទីក្រុង​ព្រះសីហនុ ដែល​នាំ​ឲ្យ​មតិសាធារណៈ​យល់​ខុស និង​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​។

សេចក្តីរាយការណ៍​រប​ស់ CNA ស្តីពី​ផល​អវិជ្ជមាន​ពី ការអភិវឌ្ឍ​ក្រុងព្រះសីហនុ ដោយ​វិនិយោគិន​ចិន និង​កំណើន​ទេសចរ​ចិន​ក្នុង​ទីក្រុង​នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានការណ៍​ពិត​ឡើយ ដោយ​មិនបាន​អើពើ​ចំពោះ ការពិត​ដែលថា ការវិនិយោគ និង​ទេសចរ​ចិន បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម របស់​កម្ពុជា តាមរយៈ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា នៅក្នុង​វិស័យ​ជាច្រើន រួមមាន ឧស្សាហកម្ម​វាយ​ន​ភ័​ន្ឌ សំលៀកបំពាក់ និង​សេវាកម្ម​។ ជា​ឧទាហរណ៍ តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុងព្រះសីហនុ បានផ្តល់​ការងារ​រាប់ពាន់​ដល់​ប្រជាជន​ក្នុងស្រុក​។

លើសពីនេះ ទៅទៀត​ជំនួយ​និង​កម្ចីសម្បទាន​របស់​ចិន​បាន​ដើរតួនាទី​ជា​សារ​វ័​ន្ត​ក្នុងការ​គាំទ្រ​។​ការអភិវឌ្ឍ​កម្ពុជា​លើ​វិស័យ​ជាច្រើន ជាពិសេស​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​។ ជាការ​ច្បាស់​ណាស់​ដែល​សេចក្តីរាយការណ៍​របស់ CNA មិនបាន​ខិតខំ​បង្ហាញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ អំពី​ការពិត​ស្តីពី​ការវិនិយោគ​និង​វត្តមាន​ចិន​នៅ​ក្រុងព្រះសីហនុ​ហើយ​ផ្ទុយទៅវិញ លើកឡើង​តែ​ពី​ទស្សនៈ​អវិជ្ជមាន​ផ្អែក​តាម​ការយល់ឃើញ​រប​ស់​ប្រជាជន​មូលដ្ឋាន​តែ​ពីរ​នាក់​។

តើ​ការយល់ឃើញ​របស់​មនុស្ស​ពីរ​នាក់​នេះ អាច​តំណាង​ឲ្យ​ប្រជាជន​ក្រុងព្រះសីហនុ​ភាគច្រើន និង​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​ក្រុងព្រះសីហនុ បាន​យ៉ាងដូច​ម្ត៉េ​ច​កើត​?​។​សេចក្តីរាយការណ៍​រប​ស់ CNA ក៏បាន​លើកឡើង​ពី​បញ្ហាដីធ្លី ដោយ​ឈរលើ​ព័ត៌មាន​តែ​ម្ខាង ដោយ​មិនបាន​សិក្សា​ស៊ីជម្រៅ​ដល់​ឬ​សគល់​នៃ​បញ្ហា និង​បានធ្វើ​ការវាយតម្លៃ​ដោយ​ឥត​មូលដ្ឋាន ថា បញ្ហាដីធ្លី​គឺ​បង្កឡើង​ដោយសារ​កំណើន​នៃ​ការវិនិយោគ​របស់​ចិន​។​

យើង​ពិត​ជាមាន​ចម្ងល់​ពី​គោលបំណង​នៃ​សេចក្តីរាយការណ៍​របស់ CNA លើ​បញ្ហា​នេះ ហើយ​យើង​បាន​កត់សំគាល់ថា របៀប​ប្រមូល​ព័ត៌មាន​លើ​បញ្ហាដីធ្លី ក៏​គ្មាន​លក្ខណៈ​ស៊ីជម្រៅ​ដែរ​។​ជាការ​ពិត រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ទូទាំងប្រទេស​។ មកដល់​ខែ ឧសភា ឆ្នាំ ២០១៩ កម្ម​សិទ្ធ​ដី​ប្រមាណ ៥,២ លាន ត្រូវបាន​រដ្ឋាភិបាល​ប្រគល់ជូន​ដល់​ប្រជាជន​កម្ពុជា ដែល​មានន័យថា ៧៤% នៃ​ចំនួន​កម្ម​សិទ្ធ​ប្រមាណ ៧​លាន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត ចុះបញ្ជី​ឲ្យ​បាន​ចប់សព្វគ្រប់​នៅត្រឹម​ឆ្នាំ ២០២១​។​

សេចក្តីរាយការណ៍​រប​ស់ CNA បាន​គូសបញ្ជាក់​ដោយ​បំ​ភ្លើ​ស និង​មិន​ត្រឹមត្រូវ​តាម​យុត្តិធម៌​ថា កម្ពុជា​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​បាត់បង់​ភាពបត់បែន​ក្នុងការ​កំណត់​ក្របខណ្ឌ​នយោបាយ​ការបរទេស​ឯករាជ្យ បន្ទាប់ពី​បាន​ធ្លាក់​ជ្រៅ​ទៅក្នុង​រង្វង់​ឥទ្ធិពល​របស់​ចិន​ដោយ​លើក​ជា​ឧទាហរណ៍​ថា នៅ​ឆ្នាំ ២០១៦ កម្ពុជា​គឺជា​អ្នក​ដែល​បាន​រាំងស្ទះ ការចេញ​សេចក្តីថ្លែងការណ៍​ដែល​ប្រើពាក្យ​ធ្ងន់ៗ​ពាក់ព័ន្ធ​សកម្មភាព​ចាក់​ពង្រីក​ដី​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។

ការចោទប្រកាន់​ដោយ​ឥត​មូលដ្ឋាន​មកលើ​កម្ពុជា​នេះ មិនអាច​ទទួលយកបាន​ទេ​។ ខ្ញុំ​សូម​ទាញ​ការចាប់អារម្មណ៍​របស់​លោកស្រី​ថា កម្ពុជា​គឺជា​ប្រទេស​ឯករាជ្យ និង​អព្យាក្រឹត ហើយ​ដូចជា​ប្រទេស​សិង្ហ​បុរី​ដែរ កម្ពុ​ជាមាន​សិទ្ធ​អនុវត្ត​នយោបាយ​ការបរទេស ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក៏ដូចជា​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​នានា ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ។រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​និង​ពិភពលោក​។​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កម្ពុជា​បាន​ប្រកាន់​ជំហរ​ដោយ​ឥត​ប្រែប្រួល​។​ក្នុងនាម​ជា​ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការទាមទារ​អធិបតេយ្យភាព​នៅ​តំបន់​នេះ​កម្ពុជា​មិន​ប្រកាន់​ជំហរ​លំអៀង​ទៅខាង​ណា​ឡើយ​។

ជាការ​ពិត អាស៊ាន​មិនមែនជា​តុលាការ​កាត់សេចក្តី​លើ​ជម្លោះ​ទាមទារ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។ កម្ពុជា​តែងតែ​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ឲ្យ​ដោះស្រាយ​ជម្លោះទឹកដី ដោយ​សន្តិវិធី តាមរយៈ​ការពិគ្រោះ​យោបល់ និង​ការចរចា​ទ្វេភាគី​។ វា​ជា​ផលប្រយោជន៍​ល្អ​បំផុត៕