ព័ត៌មានថ្មីៗ
Home / ទំព័រដើម / រឿងអំពើពុករលួយស្នងការរងរាជធានីភ្នំពេញ ចេវ ហាក់ និងនាយការិយាល័យនគរបាលចរាចរណ៍ សែម គន្ធា ក្រសួងមហាផ្ទៃ និងACU គួរស្រាវជ្រាវ ដើម្បីរកការពិត

រឿងអំពើពុករលួយស្នងការរងរាជធានីភ្នំពេញ ចេវ ហាក់ និងនាយការិយាល័យនគរបាលចរាចរណ៍ សែម គន្ធា ក្រសួងមហាផ្ទៃ និងACU គួរស្រាវជ្រាវ ដើម្បីរកការពិត

បើគ្មានអំពើពុករលួយម៉េច ក៏អនុញាត្តិអោយឡានដឹកទំនិញធំៗ ចូលរាជធានីភ្នំពេញ បានទាំងថ្ងៃ តើបទបញ្ជាអភិបាលរាជធានីភ្នំពេញ ឃួង ស្រង មានន័យអត់ចឹង ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ភ្នំពេញ៖ ករណីបែកធ្លាយរឿងអំពុករលួយរបស់ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីត្រី ចេវ ហាក់ និងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវបានចោទថា មេនគរបាលទាំង២រូបខាងលើ បានទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដែលរកស៊ីដឹកជញ្ជូន ពោលគឺឡានធំៗ និងអ្នកជួលឡានអោយចិនជិះ បានធ្វើអោយមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំង។ហើយបញ្ហានេះគួរក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវជាបន្ទាន់។ព្រោះថា ប្រសិនបើមេនគរបាលចរាចរណ៍ផ្លូវគោកទាំង២រូបមិនបានជាប់ពាក់ព័ន្ធនិងអំពើពុករលួយទេ ហេតុអ្វីបានជាឡានដឹកធំនិញធំៗ អាចបើកចូលក្រុងបានគាត់ថ្ងៃ បំភានបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដែលតែងតែចេញបញ្ជាហាមឃាតមិនអោយឡានដឹកទំនិញធំៗ ចូលក្រុងមុនម៉ោង៩យប់ ដើម្បីបង្កាភាពស្ទះចរាចណ៏ និងគ្រោះថ្នាក់ចរាចណ៏ដែលបណ្ដាលមកពីឡានធំនោះ។

លិខិតអនាមិកដែលក្រុមអ្នកសារព័ត៌មាន ទទួលបានមានខ្លឹមសារទាំងស្រុងថា ៖

ពួកយើងខ្ញុំ ជាមន្ត្រីនគរបាលការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ សូមជម្រាបជូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា កន្លងមក លោក ចេវ ហាក់ អតីតប្រធានការិយាល័យនគរបាលចរាចរជើងគោក ដែលសព្វថ្ងៃនេះ ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ជើងគោក និង លោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បច្ចុប្បន្នបានដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធុនធំៗ បង់លុយប្រចាំខែគឺក្នុងមួយខែៗ អ្នកទាំងពីរនេះសល់លុយរាប់ម៉ឺនសែនដុល្លារ ។

មន្ត្រីនគរបានបន្តចោទថា ពួកមេៗប៉ូលិសចរាចរទាំងពីរនាក់នេះ បានក្លាយទៅជាអ្នកមានលុយកាក់ច្រើន ជិះឡានទំនើបៗ និងសង់វីឡា ដែលមានតម្លៃខ្ទង់រាប់ម៉ឺនសែនដុល្លារ ដ៏ស្ងាត់ស្ងៀមបំផុត នៅលើគំនរទុក្ខកូនចៅក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរជារៀងរាល់ថ្ងៃ ដោយសាររថយន្តធំៗចូលក្នុងក្រុងភ្នំពេញ ទាំងថ្ងៃទាំងយប់ ដែលមានភ្លើងខៀវបើកដៃឲ្យរថយន្តធំៗចូល ក្រុងភ្នំពេញ តាមអំពើចិត្តគ្មានការហាមឃាត់ ឬប៉ូលិសចរាចរណាមួយហ៊ានរារាំងអនុវត្តន៍ច្បាប់នោះឡើយ ។ មានក្រុមហ៊ុនរាប់រយក្រុមហ៊ុន ដែលពួកគេ បានបង់ប្រាក់ប្រចាំខែ ឲ្យទៅលោកមេៗប៉ូលិសចរាចរទាំងពីរនាក់នេះ ក្នុងមួយក្រុមហ៊ុនៗ យ៉ាងតិចអស់ចាប់ពី ៥០០ដុល្លារ ទៅ១០០០ដុល្លារក្នុងមួយខែ ។ កន្លងមកនៅពេលពួកប៉ូលិសចរាចរយើងខ្ញុំ អនុវត្តន៍ច្បាប់ចរាចរជើងគោកម្តងៗ ខណៈឃាត់រថយន្ត ធំមិនឲ្យចូលក្នុងរាជធានីភ្នំពេញ ត្រូវបានគេទូរស័ព្ទអន្តរាគមន៍ភ្លាមៗតែម្តង ។

មន្ត្រីនគរបាលចរាចរបន្តចោទទៀតថា មេប៉ូលិសចរាចរទាំងពីរនាក់ នេះមានរហស្សនាមផ្សេងៗគ្នា ។ លោក ចេវ ហាក់ មានរហស្សនាម សេនាសក្ដិ គឺមានអក្សរឡាតាំង PN ធ្វើជាស្ទឹកគ័រ សម្រាប់បិទនៅលើកញ្ចក់រថយន្តដឹកទំនិញធំៗចូលក្រុងភ្នំពេញ ។

រីឯលោក សែម សុគន្ធា មានរហស្សនាមថា គាថា គឺមានអក្សរឡាតាំង KT ធ្វើជាស្ទឹកគ័រ សម្រាប់ បិទនៅលើកញ្ចក់រថយន្តដឹកទំនិញធុនធំៗចូល ក្រុងភ្នំពេញ ដែលខាងក្រុមហ៊ុនរកស៊ីដឹកជញ្ជូន បានបង់លុយប្រចាំខែរួចហើយ ។ ស្ទឹកគ័រ អក្សរកាត់ទាំងនេះ មិនត្រឹមតែបិទនៅលើកញ្ចក់ឡានធំៗនោះទេ គឺសូម្បីតែឡានតូចៗសម្រាប់គេជួលឲ្យជនជាតិចិនជិះ ក៏មានបិទស្ទឹកគ័រនេះនឹងគេដែរ ។

ត្រង់ចំណុចនេះ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលចរាចរជើងគោក មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ខាងសារព័ត៌មាននឹងនាំដំណឹងដ៏រសើបមួយនេះ ឲ្យបានជ្រាប ឬដឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើពិនិត្យទៅលើខ្លឹមសារនៃលិខិតខាងលើ ក្រសួងមហាផ្ទៃ និងACU រួមនិងសាលារាជធានីភ្នំពេញ គួរបើកការស្រាវជ្រាវជាបន្ទាន់ ព្រោះបើលោកឧត្តមសេនីត្រី ចេវ ហាក់ និងលោកវរសេនីយ៍ឯក សែម គន្ធា មិនជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយទេ ហេតុក៏មានមន្ត្រីថ្នាក់រិះគន់បែបនេះ មួយវិញទៀតម៉េចក៏ទប់ស្កាត់ឡានដឹកទំនិញធំៗ មិនអោយចូលក្រុងពេលថ្ងៃមិនបាន បើមិនពុករលួយ ចឹងមានតែពួកគាត់អសម្ថភាព ដូច្នេះត្រូវប្ដូតំណែងចេញដាក់អ្នកថ្មីចូលម្ដង។

បញ្ហានេះទោះបី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីត្រី ចេវ ហាក់ និងលោកវរសេនីយ៍ឯក សែម គន្ធា បានចេញមុខបដិសេធថា ខ្លួនមិនបានយកលុយដាក់ខែពីក្រុមហ៊ុនឡានធំៗរួមនិងអ្នកជួលឡានអោយចិន ក៏ដោយនេះគ្រានតែជាសម្ដីដោះបន្ទុកមួយ បើចង់ដឹងការកោះហៅមន្ត្រីទាំងអស់នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅសួរម្ដងមួយៗ និងដឹងការពិតមិនខាន។ដូច្នេះករណីនេះ ក្រសួងមហាផ្ទៃ និងACU រួមនិងសាលារាជធានីភ្នំពេញ គួរបើកការស្រាវជ្រាវ ដើម្បីស្វែងរកការពិតនិងកែលម្អចំណុចមិនល្អក្នុងន័យស្ថាបនាសង្គមយើង៕

 

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយក៕