ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ករណីបង្ក្រាប​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តុលាការសម្រេច​ឃុំខ្លួន​តែ​២នាក់​ ដោះលែង៣នាក់

ករណីបង្ក្រាប​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តុលាការសម្រេច​ឃុំខ្លួន​តែ​២នាក់​ ដោះលែង៣នាក់

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

បន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់ ដែល​សមត្ថកិច្ច​ចម្រុះ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក​ចាប សុ​ផា​ឬ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការ​សម្របសម្រួល​ពី​លោក​មាស ចន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​រយៈពេល​២​ថ្ងៃ ក្នុង​ករណី​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក រំលោភ​កម្ម​សិទ្ធ​បញ្ជា​៤​ទីតាំង នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៧ និង​២៨ វិច្ឆិកា ២០១៩ ឃុំខ្លួន​មនុស្ស​២នាក់ រក​ឃើញ​ស្រា​ក្លែង​ម៉ាក​រំលោភ​កម្មសិទ្ធិបញ្ញា​ជិត​៤០០០​ដប និង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ដែល​ត្រូវ​ឃុំខ្លួន​ទាំង​២​នាក់​រួម​មានឈ្មោះ ថៃ​ម៉ា​ឡា​ហៅ តុលា ភេទ​ប្រុស (​ម្ចាស់​ទីតាំង​ដ៌​ធំ​បង្ក្រាប​ថ្ងៃ​ទី​២៧ និង​ទីតាំង​ចុង​ក្រោយ​បង្ក្រាប​ថ្ងៃ​ទី​២៨) និង​ម្នាក់​ទៀត​ឈ្មោះ សាន្ត សុ​ត្ថា​វុ​ធ ភេទ​ប្រុស អាយុ​៤១ ​ឆ្នាំ (​ម្ចាស់​ទីតាំង​ទី​១ ក្នុង​ចំណោម​៣​ទីតាំង ដែល​បង្ក្រាប​ក្នុង​ទឹកដី​កាស៊ីណូ ថ្ងៃ​ទី​២៨ វិច្ឆិកា​) ។

​លោក​ឧត្តម​សេនី​យ៌​ត្រី​ចាប ​សុ​ផា​ឬ​ទ្ធិ ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ប្រាប់​តាម​បណ្តាញ​សង្គម​ថា ករណី​ប​ង្ក្រា​ទាំង​២​ថ្ងៃ​ខាងលើ គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​មួយ​ចំនួន តែ​លោក​ថា មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ​ឡើយ ។

ចំពោះ​មនុស្ស​៥​នាក់​ដែល​ឃាត់​សាកសួរ​លោក​ថា ជាប់​ពាក់ព័ន្ធ​តែ​២នាក់​ទេ គឺ​ជនសង្ស័យ​ខាងលើ​ក្រៅពី​នេះ​ពួក​គេ​ជា​កម្មករ​តែ​ប៉ុណ្ណោះ​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​រៀងខ្លួន​ៗ​វិញ​ហើយ ។ លោកស្នងការ​រង​បញ្ជាក់​ថា​ស្រា​ដែល​រឹបអូស​រួម​មាន​ស្រា​ចម្រុះ​ម៉ាក​ចំនួន១៨៦១​ដប ស្រាក្រហម​សរុប​ចំនួន១៩៧៤​ដប សរុប​រួម​៣៨៣៥​ដប និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

លោក​បន្ត​ថា​ជនសង្ស័យ​ទាំង​​២នាក់​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ​ៗ វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​រឹបអូស​កំពុង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​និ​តិ​វិធី ។ ពេល​សាកសួរ​បន្ត​ពី​ទីតាំង​លក់​ស្រា​ផ្សេង​ៗ​ទៀត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ពិសេស​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បើ​មាន​ជាប់​សង្ស័យ​ដូច​ករណី​ខាងលើ​តើ​និង​ត្រូវ​ឆែកឆេរ​បន្ត ឬ​យ៉ាងណា​នៅ​ពេល​ខាង​មុខ ?

លោក​ចាប សុ​ផា​ឬ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឆ្លើយ​តប​ថា ដរាបណា​មាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​ទើប​ខាង​ជំនាញ​ងាយស្រួល​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់​ជា​ចុង​ក្រោយ​ថា នៅ​តែ​មាន​វិធានការ​ជា​និច្ច បើ​រក​ឃើញ ឬ​មាន​សេចក្តីរាយការណ៍​ពី​ប្រភព​នានា​សង្ស័យ​ទីតាំង​ណា​មាន​លក់​ស្រា​ក្លែងក្លាយ​ឬ​ក្លែង​ម៉ាក​ខាង​លោក និង​សុំ​គោល​ការ​ណ៌​ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ភ្លាម ៕