ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ឈ្មួញថ្លើមធំអាងមានប្រាក់ហ៊ានចាក់ដីរំលោភយក ដីបឹង​តូច ​បឹង​ធំ ​របស់​រដ្ឋ ​រាប់​ពាន់​ហិ​កតា​ តម្លៃច្រើនរយលាន ដុល្លា នៅ​ឃុំ​​ចំនួន ៤​​ ក្នុងស្រុក​កៀនស្វាយ សង្ស័យអភិបាលស្រុក និងខេត្ត បិទភ្នែកទទួលសំណូក ទើបស្ងាត់ស្ងៀមយ៉ាងនេះ

ឈ្មួញថ្លើមធំអាងមានប្រាក់ហ៊ានចាក់ដីរំលោភយក ដីបឹង​តូច ​បឹង​ធំ ​របស់​រដ្ឋ ​រាប់​ពាន់​ហិ​កតា​ តម្លៃច្រើនរយលាន ដុល្លា នៅ​ឃុំ​​ចំនួន ៤​​ ក្នុងស្រុក​កៀនស្វាយ សង្ស័យអភិបាលស្រុក និងខេត្ត បិទភ្នែកទទួលសំណូក ទើបស្ងាត់ស្ងៀមយ៉ាងនេះ

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ៖ 092 464 205

កណ្តាល ៖ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​នៅក្នុងរយះពេលប៉ុន្មាន់ថ្ងៃនេះឈ្មួញដែលមានប្រាក់ និងមានអាជ្ញាធរស្រុកកៀនស្វាយ និងអាជ្ញាធរខេត្តកណ្ដាល នៅពីក្រោយខ្នងបានធ្វើសកម្មភាព ចាក់ដីនិងបោះបង្គោល​ថ្ម​រំលោភ​បំពានវាត​ទីយកដីបឹង នៅក្បែរវត្តស្រែអំពិល ចម្ងាយ
២០០ម៉ែត្រពីវត្ត ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ធ្វើជាកម្មសិទ្ធិឯកជន​យ៉ាង​អនាធិប​តេយ្យ​ស្ទើរ​អស់ ដោយគ្មានការរំខានពីអាជ្ញាធរពាក់ព័ន្ធអ្វីបន្តិចសោះឡើយ។ករណីនេះ ក៏បានបង្កការសង្ស័យ ថា លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បិទភ្នែកបើកដៃទទួលប្រយោជន៏យ៉ាងច្រើនពីឈ្មួញ ព្រោះដីនេះ បើឈ្មួញរំលោភយកបានសម្រេច គឺអាចលក់បានក្នុងមួយហិចតាមិនក្រោមមួយលានដុល្លានោះទេ ព្រោះជាកន្លែងដីត្រូវប៉ាន់ខ្លាំង។

បឹង​ធំ​ បឹង​តូច ដែលជាបឹងធម្មជាតិ ដែលបឹង​សាធារណៈ​របស់​រដ្ឋ​មានចំនួន​រាប់​ពាន់​ហិ​កតា កើត​មាន​តាំងពី​ដូនតា​និងមានសារសំខាន់ សម្រាប់​ប្រជាជន នៃ​ឃុំ​ចំនួន​៤​រស់នៅ​ជុំវិញ​មាត់បឹង​ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដី​ឥ​ដ្ធ នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ប៉ុន្តែពេលនេះបែត្រូវ​អ្នកមាន​លុយ​មាន​អំណាច បានចាក់ដី បោះបង្គោល​ថ្ម​រំលោភ​បំពាន ​យក​ធ្វើ​ជាកម្មសិទ្ធិឯកជន​យ៉ាង​អនាធិប​តេយ្យ​ស្ទើរ​អស់​ទៅ​ហើយ សូមលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្រសួងពាក់ព័ន្ធ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន សូមមេត្តាជួយសង្គ្រោះផង បើមិនដូច្នេះទេ និងត្រូវរលាយមិនយូឡើយ។

សូមរំលឹកថា ប្រជាជន នៃ​ឃុំ​ចំនួន​៤​រស់នៅ​ជុំវិញ​មាត់បឹង​ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដី​ឥ​ដ្ធ ដែល​ជា​តម្រូវការ​ចាំបាច់​យក​ទឹក​បឹង​នេះ​ប្រើប្រាស់​ដូច​ជា​៖ មុជ​ដាំ​ស្ល និង​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗ ពិសេស​គឺជា​បឹង​ធម្មជាតិ​ដែល​ប្រជាជន តែងតែ​ប្រកប​មុខរបរ​នេសាទ​ត្រី ដក​ព្រលិត ដក​ក្រអៅឈូក រក​ខ្យង​ខ្ចៅ​ជា​លក្ខណៈ​គ្រួសារ​គ្រាន់​បាន​ចិញ្ចឹមជីវិត​តាំងពី​ដើម​មក ។


ប្រភព​ព័ត៌មាន​បានបន្តថា ​បឹង​នេះ ​គឺជា​អាង​ស្តុក​ទឹក​ដ៏​ធំ ហើយ​ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់ នា​រដូវ​ទឹក​ដំឡើង ទៅ​តាម​បឹង​នានា​នៃ​ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​លើក​ដែក ហូរ​ធ្លាក់​ចេញ​ទៅ​វៀតណាម​ផង​ដែរ ។ ស្រាប់តែ​ឥឡូវ​បែរជា​អ្នកមាន​លុយ​មាន​អំណាច មក​បោះបង្គោល​ថ្ម​រំលោភ​បំពាន​វាត​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន​អត់​មាន​លាក់លៀម​ទេ ដោយ​ខ្លះ​កំពុង​ប្រើប្រាស់​គ្រឿងចក្រ ជីក​កាយ​ចាក់​ដី​លុប​ក្លាយជា​ដី​រាប​បណ្តើរ​ៗ​ហើយ ដូច​ជា​ពុំ​ឃើញ​មាន​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយ ចុះ​មក​ទប់ស្កាត់​បង្ក្រាប​ឡើយ ។

សកម្មភាព​អនាធិបតេយ្យ​នេះ​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំង ខ្លាច​ទៅ​ថ្ងៃក្រោយ​គេ​ចាក់​ដី​លុប​បឹង​នេះ​អស់ ប្រជាជន​ប្រាកដជា​ជួប​ការ​លំបាក​គ្មាន​ទឹក​ប្រើប្រាស់​ជាក់​ជា​មិន​ខាន​ឡើយ ។ ណាមួយ​អាច​ប្រឈម​នឹង​ការ​លិចលង់​ផ្ទះសម្បែង និង​ផលដំណាំ នៅ​ពេល​រដូវ​ទឹក​ដំឡើង។

តាម​ការ​កត់សម្គាល់ អ្នក​ដែល​មក​បោះបង្គោល​ថ្ម​ព័ទ្ធ​យក​ដី​បឹង​ខាងលើ និង​សកម្មភាព​ដាក់​គ្រឿងចក្រ​ជីក​ឈូស​ឆាយ​ភាគច្រើន​សុទ្ធតែ​ជា​អ្នកមាន​ឋានៈ​ឧកញ៉ា ឯកឧត្តម​អ្នកមាន​លុយ​មាន​អំណាច​មក​ពី​ភ្នំពេញ​។ ប្រ​សិន​ប្រជាជន​ធម្មតា​នោះ គឺ​មិន​អាច​ទៅ​បោះបង្គោល​ព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​បែប​នេះ​បាន​ឡើយ ព្រោះ​ពួក​គេ​ស្គាល់​ណាស់​ថា​បឹង​សម្រាប់​អាស្រ័យ​ផល ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា បើ​គ្មាន​ការ​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​នោះ​ទេ ក៏​មិន​អាច​មក​យក​ដី​រដ្ឋ​ឆៅ​ៗ​បែប​នេះ​បាន​ដែរ ។

ទាក់ទងព័ត៏មានខាងលើ ​លោក កេ​ត សុផល ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​កៀនស្វាយ បានអះអាងប្រាប់អ្នកកាសែតថា លោក​ក៏​ទទួលស្គាល់​ថា​ដី​បឹង​ធំ​-​បឹង​តូច គឺ​ពិតជា​បឹង​អាង​ស្តុក​ទឹក​និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែន ​បុគ្គល​ដែល​ទៅ​បោះបង្គោល​យក​ដី​បឹង​នោះ គឺ​គ្មាន​ច្បាប់​ទេ ។ហើយលោក​កំពុង​អោយ​ក្រុមការងារ​សិក្សា​វាស់វែង និង​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​ចុះបញ្ជី​រក្សា​ការពារ​ជា​ដី​របស់​រដ្ឋ​ហើយ ។ ការ​រំលោភ​ចាក់​ដី​ឈូស​ឆាយ​បឹង​ដ៏​មហាសាល​បែប​នេះ អ្នក​ធម្មតា​មិន​អាច​ថ្លើមពាសមេឃ​ឡើយ​។ មហាជន​សង្ស័យ​ខ្មោច​ស្រុក​ឱ្យដៃ ទើប​ខ្មោច​មក​ពី​ចម្ងាយ​ហ៊ាន​ធ្វើ​បែប​នេះ ។
ចំណែកលោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយគេហទំព័រ ផែនដីថ្មី បាន​ព្យាយាម​ទូរស័ព្ទ សុំ​ការ​បំភ្លឺ​ ជុំវិញការ​រំលោភ​យក​ដី​បឹង​ធំ​ ​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​នេះ ​​ប៉ុន្តែពុំអាចទាក់ទងបាន។

តើ​ឱ្យ​មហាជន​យល់​ឃើញ​ថា ករណីរំលោភដីបឹង​រាប់​ពាន់​ហិ​កតាជាកន្លែងផ្គត់ផ្គងទឹកដល់ពលរដ្ឋ ​ឃុំ​​ចំនួន៤​​ ក្នុងស្រុក​កៀនស្វាយ ​ឈូស​លុប​ចង់​ជិត​ទៅ​ហើយ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​អាជ្ញាធរស្រុក និងខេត្ត ​ចឹងមានតែសម្ដេចតេជោ ហ៊ុន សែន ស្រែកដូច ករណីចាក់ដីលុបសមុទ្រនៅខេត្តកោះកុង ថ្មីៗនេះ ទើបអាចផ្អាក់សកម្មភាពចាក់ដី និងសង្រោះបឹងធម្មជាតិមួយនេះបាន បើមិនដូច្នេះទេ វានិងក្លាយជាកម្មសិទ្ធិស្រប់ច្បាប់របស់ឈ្មួញមានលុយ រួមនិងអំណាចបក្ខពួកអស់ជាមិនខានឡើយ៕