ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មតិមហាជន៖រឿងមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង មាស សុវណ្ណ និង​មន្ត្រី​ ៤ ​នាក់ ត្រូវថ្នាក់លើដាក់​ទណ្ឌកម្មលើកចុងក្រោយ ជារឿងល្អ ប៉ុន្តែបើដកតំណែងកាន់តែល្អបំផុត

មតិមហាជន៖រឿងមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង មាស សុវណ្ណ និង​មន្ត្រី​ ៤ ​នាក់ ត្រូវថ្នាក់លើដាក់​ទណ្ឌកម្មលើកចុងក្រោយ ជារឿងល្អ ប៉ុន្តែបើដកតំណែងកាន់តែល្អបំផុត

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ៖ 092 464 205

បាត់ដំបង៖ករណីមេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​ ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ និង​មន្ត្រីក្រោមឱវាទ​របស់​គាត់​ ៤ ​នាក់​ទៀត ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ សម្រេច​ដាក់ទណ្ឌកម្ម​ផ្នែក​វិន័យ​ដោយ​ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ជាលើកចុងក្រោយ ពាក់ព័ន្ធ​បាតុភាព​មិន​ប្រក្រតី​ ក្នុង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​នៅក្នុង​អង្គភាព​នោះ ត្រូវបានមហាគាំទ្រនូវចំណាត់ការនេះយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមគ្នាមានមតិមហាជនជាច្រើនទៀត ចង់ឃើញមានការដកហូតតំណែងរបស់លោកមេបញ្ជាការ និងមន្ត្រីកងរាជអាវុធហត្ថដែលប្រព្រិត្តិខុសទាំងនេះ ទើបជាការប្រសើរបំផុត ដើម្បី
ជាការព្រមានដល់មន្ត្រីក្រោយៗទៀត កុំអោយយកគំរូតាម។

ការដាក់ទណ្ឌកម្ម​នេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្ដី​សម្រេច​របស់លោក សៅ សុខា ចុះ​ថ្ងៃទី​ ៦ ​ធ្នូ ឆ្នាំ​ ២០១៩ ដែល​ទើប​ប្រកាស​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ១៧ ​ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ​ថ្មីៗ​នេះ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​។

ក្នុង​លិខិត​នោះ​បាន​លើកឡើង​ថា​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ក្រោមឱវាទ​របស់​គាត់​ ៤ ​នាក់​ទៀត​រួម​មាន លោក សាម ប៊ុនធឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​,​លោក ជួប ណូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​, ​លោក​ ឈឿន សុផាត មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ និង​លោក​ ណុប សំអឿន ជំនួយការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​មួយ​ចំនួន​ដូចជា ខ្វះ​ការជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​សកម្ម​ការងារ និង​ការអនុវត្ត​​រំលោភ​លើ​នីតិវិធី​ការងារ​ក្នុង​នាម​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​។

យោង​ប្រការ​ ៣ ​នៃ​សេចក្ដី​សម្រេច​នោះ​ «​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​​កសាង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​កត់ត្រា​នូវ​ការដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​នេះ​នៅក្នុង​សៀវភៅ​សិក្ខាគារិក​របស់​កងរាជអាវុធហត្ថ​»​។

សេចក្ដី​សម្រេច​នោះ​បាន​តម្រូវ​ឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​កិច្ចសន្យា​កែប្រែ​កំហុស​ទាំងអស់​ជាបន្ទាន់ ហើយ​ត្រូវ​ពង្រឹង​ការគោរព​ច្បាប់ របៀបរបប​ការងារ​ឲ្យ​ស័ក្ដិ​សម​ជា​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​នៃ​កងរាជអាវុធហត្ថ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​ច្បាប់​ស្ដីពី​លក្ខន្តិក:​ទូទៅ​ចំពោះ​យោធិន​នៃ​កងខេមរភូមិន្ទ និង​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។

សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ត្រូវបានមន្ត្រីថ្នាក់ក្រោមរិះគន់ថា បានប្រព្រិត្តិកំហុសយ៉ាងធ្ងន់ធ្ងរ បានទទួលកំហុស និងបានធ្វើកិច្ចសន្យាថា នឹងកែប្រែកំហុសឆ្គងទាំងអស់ នៅចំពោះមុខគណៈកម្មការអធិការកិច្ចរួចមក លោកឧត្តមសេនីយ៍ មាស សុវណ្ណ បានបន្តអនុវត្តន៍ផ្ទុយ ដោយបានប្រព្រឹត្តិកំហុសជាច្រើនមិនកែប្រែ បញ្ហានេះគួរដកចេញពីតំណែង​ និងចាត់វិធានការផ្លូវច្បាប់ទើបមានតម្លាភាព។

រឿងអាស្រូវលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មានដូចខាងក្រោម៖

១.ការចេញសេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងារបណ្តោះអាសន្ន នាយទាហាន នាយទាហានរង និងពលទាហានកងរាជអាវុធហត្ថ នៅធ្វើដដែលគ្រាន់តែប្តូរទៅជាខ្ចីកម្លាំងមកប្រើប្រាស់ជំនួសវិញ ការខ្ចីកម្លាំងនេះគឺ ខ្ចីវិលទៅមក ទូទាំងខេត្ត អាវុធហត្ថខេត្ត ខ្ចីអាវុធហត្ថស្រុក អាវុធហត្ថស្រុក ខ្ចីអាវុធហត្ថខេត្ត ធ្វើតាមតែអំពើចិត្ត ហេតុនេះធ្វើអោយមេបញ្ជាការក្រុង.ស្រុក គ្រប់គ្រងកម្លាំងលែងបាន ។

២.អាវុធហត្ថនៅក្រៅអង្គភាព ចំនួន ២៣នាក់ នៅដដែលដោយប្តូរទៅជាអោយសុំច្បាប់ឈឺមួយរយៈ គ្មានកំណត់ពេលវេលា ហើយបើកប្រាក់ខែបានធម្មតា ប៉ុន្តែត្រូវវេប្រាក់ខែនោះមកអោយលោក មាស សុវណ្ណ វិញ ។

៣.ការកំណត់អោយល្បែងទឹកភ្លៀង បង់ប្រាក់៣០០០ដុល្លារ ក្នុង១ខែ រយៈពេល៧ខែ នៅបង់ដដែល មានឈ្មោះ អ៊ួន តាល់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នករត់ការ) ។

៤.ចាត់អោយកូនចៅកាងល្បែងស៊ីសង បៀរ អាប៉ោង កន្ទុយលេខ និងល្បែងអ៊ីនធឺណេត អនឡាញ ។ល។ នៅទូទាំងខេត្តបាត់ដំបង មានឈ្មោះ គង់ ផល្លា និងឈ្មោះ ពឿន ចន្នា ជាអាវុធហត្ថ ដើម្បីចុះក្តាប់និងប្រមូលលុយ ពីបទល្មើសទាំងនេះ អោយលោក មាស សុវណ្ណ ជាមេបញ្ជាការខេត្ត ។
៥.ដាក់កម្លាំងចាប់ជំរិតយកលុយ ប្រជានេសាទតូចតាច លក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប ក្នុងភូមិ សាស្រ្ត ខេត្តបាត់ដំបង មាន ៣ស្រុក ស្រុកឯកភ្នំ ស្រុកមោងឫស្សី និងស្រុកសង្កែ ដោយមានអាវុធហត្ថចំនួន ៣នាក់ចុះបញ្ជាផ្ទាល់ដែរមានឈ្មោះ ៖

១.លោកអនុសេនីយ៍ឯក ទ្រី តិចសែ ប្រចាំការនៅទន្លេសាប

២.លោកអនុសេនីយ៍ឯក ប៊ុត សុភ័ក្រ ប្រចាំការនៅទន្លេសាប

៣.លោកនាយចំណង់ ពៅ ទុំ ជំនួយការមេបញ្ជាការខេត្ត
ប្រភពព័ត៌មានច្បាស់ការ គឺលោកមេឃុំ ជាប់មាត់បឹងទន្លេសាប ក្នុងស្រុកទាំង ៣ខាងលើ ពិសេសលោក មេភូមិ បើតាមប្រជានេសាទ ចំនួន ៣នាក់ឈ្មោះដូចខាងក្រោម៖

១.ប្រជានេសាទឈ្មោះ ឈៀង គឹមអាង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិព្រែកទាល់
ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

២.ប្រជានេសាទឈ្មោះ ហុង វីរ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអន្លង់តាអ៊ួ ឃុំកោះជីវាំង
ស្រុកឯកភ្នំ ខេត្តបាត់ដំបង

៣.ប្រជានេសាទឈ្មោះ តែ ប៊ុនយីម ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិក្បាលតោ
ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ពួកគេបានអោយដឹងថា គ្រាន់តែអ្នកនេសាទខុសច្បាប់ធំៗបង់លុយក្នុងមួយរដូវ អោយទៅលើអាវុធហត្ថខេត្ត មិនតិចជាង ៣០០លាន ទៅ ៥០០លានរៀលឡើយ ។

៦.បានតែងតាំងលោកអនុសេនីយ៍ទោ ជួប ណូ ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូត ដែលមិនចេះអ្វីសោះ ហើយមានប្រពន្ធជាអ្នករកស៊ីឈើខុសច្បាប់ទៀត ក្រោយបានធ្វើជាមេបញ្ជាការស្រុក លោក ជួប ណូ បានធ្វើអ្វីៗតាមតែអំពើចិត្ត ពេលស្រវឹងស្រាម្តងៗរកតែបាញ់និងវ៉ៃអ្នកនៅក្បែរជាក់ស្តែងកន្លងមកនិងថ្មីៗនេះមានរឿងបន្តបន្ទាប់ដូចខាងក្រោម ៖

+ ១២.០៩.២០១៩ ចាប់ឡានដឹកឈើមកទុក រួចលួចដោះកង់ឡានបទល្មើស

+ ១៣.០៩.២០១៩ ផឹកស្រាស្រវឹង វ៉ៃមេបញ្ជាការរងស្រុក បែកភ្នែកដោយខឹងដឹងថាខ្លួន
បានលួចដោះកង់ឡាន(ច្រណែនគ្នា) ផ្អើលពេញប្រទេស។

+១៤.០៩.២០១៩ ផឹកស្រាស្រវឹង វ៉ៃមន្ត្រីបរិស្ថាន រកបាញ់មេព្រៃ (ផ្អើលពេញប្រទេស) ។

+២៣.០៩.២០១៩ ក្រុមអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះមកត្រួតពិនិត្យ

+ក្រោយពីក្រុមអធិការកិច្ចចុះត្រួតពិនិត្យរួចមកមានរឿងថ្មីជាច្រើនទៀត

៧.កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ លោកអនុសេនីយ៍ទោ ជួប ណូ មេបញ្ជាការកងរាជអាវុធហត្ថស្រុក សំឡូត ស្រវឹងស្រាចាប់ប្រជាជន ស្រង់យកគល់ឈើក្នុងទឹក មកវ៉ៃនឹងស្វ័យកាំភ្លើង និងធ្វើទារុណកម្ម ចំនួន ៣នាក់ មានឈ្មោះ ជួន សារ៉ាក់ ភេទប្រុស ឈ្មោះ ចាន់ វ៉ិត ភេទប្រុស និងឈ្មោះ ឈួន ឈុនលី ភេទប្រុស ពួកគេទាំង ៣នាក់រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

៨.ថ្មីៗនេះកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកបង្រ្កាបទីតាំងម៉ាស៊ីនអារឈើខ្នាតធំ(ម៉ាស៊ីនរ៉ៃ) ចំនួន ៣គ្រឿង ដកហូតឈើប្រណិតសរុប បានចំនួន ២៧ម៉ែត្រគីប មានទីតាំង កណ្តាលក្រុងបាត់ដំបង ដែលលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាអ្នកកាង ក្នុងចំណោមម៉ាស៊ីនអារឈើទាំង ៣គ្រឿង ខាងលើនោះគឺមាន ០១គ្រឿង ជាម៉ាស៊ីនដែលមានភាគហ៊ុនធំរបស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដោយអោយឈ្មោះ វ៉ាត សាន់ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅក្រុមទី៧ ភូមិអូរគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកមើលការខុសត្រូវអោយ។ ចាប់តាំងពីលោក មាស សុវណ្ណ មកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង រយៈពេលជាង ២ឆ្នាំនេះ ប្រមូលឈើប្រណិត អារ ច្រៀក យកទៅផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល រួចលក់បន្តអោយពួកវៀតណាម មិនក្រោម ១០០ម៉ែត្រគីបឡើយ ក្រោមរូបភាពយកឈើទៅផ្ទះ ធ្វើ សង្ហារឹមប្រើប្រាស់ ។ បច្ចុប្បន្ននេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានក្រុមថ្នាក់ជាតិ បង្រ្កាបបទល្មើសព្រៃឈើ តែលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាអ្នកកាងឈើនិងរកស៊ី បទល្មើសព្រៃឈើទៅវិញ ចំណែកសកម្មភាពបង្រ្កាបបទល្មើសព្រៃឈើ ក្នុងខេត្តបាត់ដំបង កន្លងមកគ្មានឆន្ទះទេគឺធ្វើទាំងបង្ខំ ដោយមានការចង្អុលចំៗពីអាវុធហត្ថលើផ្ទៃប្រទេស ដែលចុះមកដឹកនាំបង្ក្រាបដោយផ្ទាល់ ។

៩.ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចុះមកប្រកាសផ្សព្វផ្សាយ ទោសកំហុសជាថ្មីម្តងៗទៀតរបស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង តាមសេចក្តីសម្រេចលេខ ១៣៧ សសរ ២០១៩ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យ ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ និងភ្ជាប់ជាមួយកិច្ចសន្យាជាលើកទី២ របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ។

១០.នៅក្នុងខ្សែទទឹងជួរគណៈបញ្ជាការឯកភាពខេត្តបាត់ដំបងវិញ ចាប់តាំងពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មកដឹកនាំកងរាជអាវុធហត្ថខេត្តបាត់ដំបង រយៈពេល ២ឆ្នាំនេះ ចូលរួមប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានចំនួន ៣ដងគត់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត អភិបាលក្រុង/ស្រុក និងថ្នាក់ដឹកនាំខេត្ត មួយចំនួនធំ បានលើកឡើង អំពីភាពអសកម្ម និងការបែកផ្ទៃក្នុង នៅក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង ។

ករណីនេះត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងសំណូមពរ ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំមេត្តាបង្កើតក្រុមអធិការកិច្ច ចុះមកពិនិត្យម្តងទៀតជាបន្ទាន់ និងឆាប់បំផុត រឺត្រូវកែសម្រួលផ្លាស់ប្តូរ មេបញ្ជាការខេត្តថ្មី ព្រោះ រយៈពេល ២ឆ្នាំនេះ ផ្ទៃក្នុងអាវុធហត្ថខេត្តបាត់ដំបង មានរឿងច្រើនពេកហើយ។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​នៅថ្មីៗនេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដោយ​ចាត់ទុក​ការបញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​បែបនេះ​ថា ជា​ករណី​មួលបង្កាច់ បង្ខូច​កេរ្ដិ៍ឈ្មោះ​លាប​ពណ៌​ញុះញង់​ក្នុងន័យ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​កងរាជ​អាវុធហត្ថ​។

លោក អេង ហ៊ី បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បញ្ឈប់​ការរិះគន់​បែប​នោះ​ទៀត ប៉ុន្តែ​បាន​ស្វាគមន៍​ការរិះគន់​បែប​ស្ថាបនា​។ លោក​បាន​គូសបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ថា​៖ «​ការបញ្ចេញមតិ​គឺជា​សិទ្ធិសេរីភាព ប៉ុន្តែ​សូម​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។ ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​​មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព កិត្តិយស កេរ្តិ៍ឈ្មោះ របស់​អ្នកដទៃ​ឡើយ ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់​។ រីឯ​បុគ្គល​ដែល​បញ្ចេញមតិ​មួលបង្កាច់ បង្ខូច​កេរ្តិ៍ឈ្មោះ លាប​ពណ៌ ញុះញង់ ក្នុងន័យ​បំបែកបំបាក់​ផ្ទៃក្នុង​កងរាជអាវុធហត្ថ យើងខ្ញុំ​មិនអាច​ទទួល​យក​បាន​ទេ​។ យើងខ្ញុំ​រីករាយ និង​ស្វាគមន៍​ទទួល​យក​រាល់​ការរិះគន់​មតិ​ដើម្បី​ស្ថាបនា​»​។

មន្ត្រី​ជាន់ខ្ពស់​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា កន្លងមក​លោក មាស សុវណ្ណ បាន​ប្រព្រឹត្ត​កំហុសឆ្គង​ជាច្រើន​ដែល​ធ្វើឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មិន​ពេញចិត្ត ប៉ុន្ដែ​ម្នាក់ៗ​ខំអត់​ធ្មត់ ព្រោះ​ខ្លាច​គាត់​ដក​បញ្ឈរជើង​ ឬ​ផ្លាស់ប្ដូរ​ចេញពី​តំណែង​។

មន្ត្រី​ដដែល​នោះបាន​បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​ទណ្ឌកម្ម​ផ្នែក​វិន័យ​នោះ​នៅ​មាន​លក្ខណៈ​ធូរស្រាល ប៉ុន្តែ​វា​​បាន​ផ្ដល់នូវ​ភាពយុត្តិធម៌​មួយ​សម្រាប់​មន្ត្រី​កងកម្លាំង​ថ្នាក់ក្រោម​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​តែ​ភាពមិនប្រក្រតី​របស់គាត់​ [​លោក មាស សុវណ្ណ​] ​កាលពី​មុន​»​។

ទាក់ទងព័តមានខាងលើ គេហទំព័រ ផែនដីថ្មី សុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ហើយត្រូវលោកមេបញ្ជាការសុំមិនធ្វើការបំភ្លឺ ដោយលោកនិយាយខ្លីថាសេចក្ដីសម្រេចថ្នាក់លើ គឺលោកត្រូវតែគោរព៕